ទំនួញព្រហ្ម


ទំនួញព្រហ្ម
ព្រះព្រហ្មឈរយំនឹកស្រណោះ
ព្រហ្មយំព្រោះអស់ក្តីសង្ឃឹម
ទឹកភ្នែកជ្រែកភ័ក្រ្តធ្លាប់ញញឹម
ទុក្ខឥតអ្វីផ្ទឹមពេលនេះម្តង ។

ព្រហ្មវិហារធម៌ទាំងបួន
គិតថាមាំមួនអាចចម្លង
កូនស្ងួនឲ្យផុតក្តីមួរហ្មង
ដល់ត្រើយសុខផងលុះមរណា។

ឥឡូវមិនបានដូចការគិត
ព្រហ្មឈរអាណិតបុត្រសង្សារ
ឃើញកូនធ្លាក់ខ្លួនគួរអនិច្ចា
បង្កបញ្ហាក្នុងជីវិត ។

ឈ្លក់ល្បែងប៉ោបៀគ្នាគូរកន
វង់ល្បែងបាបនងប់ងងឹត
ងងល់វិលវល់ក្នុងគំនិត
ប្រព្រឹត្តទុច្ចរិតឥតពិចារ ។

កូនក្លាយជាមនុស្សបាតសង្គម
ទ្រូងម្តាយក្តៅងំក្រំខ្លោចផ្សារ
ដូចភ្នំសង្កត់លើឳរា
ខ្មាសញាតិកាក្នុងភូមិស្រុក ។

ទោះជាយ៉ាងណាក៏ដោយក្តី
ម្តាយក្នុងលោកីយឥតរើសមុខ
ប្រាថ្នាឲ្យកូនបានក្តីសុខ
រួចផុតចាកទុក្ខគ្រប់វេលា ។

ទោះម្តាយលំបាកក្រៃយ៉ាងណា
សូមកូនសង្សាររួចចាកពៀរ
រួចពីគំនិតគិតពាលា
ក្លាយមនុស្សជាអក្នុងសង្គម ។

ទឹកភ្នែកជន់ជោរហូរជោគភ័ក្ត្រ
សូមជួយពញ្ញាក់ចិត្តកូនខ្ញុំ
ឲ្យកែខ្លួនយ៉ាងសក្តិសម
ជួបក្តីសុខុមតរៀងទៅ ៕


Comments

Popular Posts